រដ្ឋបាលខេត្តព្រះសីហនុ បង្កើនកម្ដៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រឹងគោលការណ៍ «សម្អាតផ្ទះយើង» ឱ្យដល់មូលដ្ឋាន
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំ «ពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការ និងចំណេះដឹងមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន» ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ លោក នៃ គង់ បានគូសបញ្ជាក់ពីលទ្ធផលបង្ក្រាបគ្រឿងញៀនប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្ត ដោយអនុវត្តវិធានការអប់រំ និងរដ្ឋបាលយ៉ាងសកម្ម ព្រមទាំងបង្ក្រាបបទល្មើសជាក់ស្ដែងបាន ២៦៣ ករណី ឃាត់ខ្លួនជនសង្ស័យ ៩៩១ នាក់ (បរទេស ៧៥ នាក់)។ លោកបានកោតសរសើរកងកម្លាំងប្រដាប់អាវុធ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តលុបបំបាត់ឫសគល់គ្រឿងញៀន សំដៅពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបង្ហាញទិន្នន័យទូទាំងប្រទេសរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ដោយសមត្ថកិច្ចបង្ក្រាបបាន ៧,៨៤០ ករណី (កើនឡើង ១០.៩%), ឃាត់ខ្លួនជនសង្ស័យ ២១,១០៦ នាក់ (កើន ១៤.៩%), រឹបអូសគ្រឿងញៀនជាង ២ តោន ៧៧៩ គីឡូក្រាម និងសារធាតុគីមីផ្សំជាង ២ តោន ២៥៥ គីឡូក្រាម។ ចំពោះការអនុវត្តបទបញ្ជាលេខ ០១ បប «សម្អាតផ្ទះយើងនិងសម្អាតចកចេញពីបឹង» បានធ្វើតេស្តមន្ត្រីរាជការ និងកងកម្លាំងសរុបជាង ១៤ ម៉ឺននាក់ ដោយរកឃើញវិជ្ជមាន ១១២ នាក់ និងបានបណ្តេញចេញពីក្របខ័ណ្ឌចំនួន ១០៩ នាក់។
ឯកឧត្តមបានសង្កត់ធ្ងន់លើគោលបំណងចម្បង ៣ នៃកម្មវិធី រួមមាន៖ ការជ្រួតជ្រាបបទដ្ឋានគតិយុត្ត, ការពង្រឹងភាពជាគំរូស្អាតស្អំរបស់មន្ត្រីតាមរយៈតេស្តទឹកនោម, និងការពង្រឹងយន្តការឆ្លើយតបពហុវិស័យដោយប្រើកម្លាំងសរុប។
ជាទិសដៅបន្ត ដោយសារខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មមាញឹក ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយសារអប់រំឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងប្រកាន់ខ្ជាប់នូវទស្សនវិស័យ «៣កុំ ១រាយការណ៍» (កុំពាក់ព័ន្ធ កុំប្រើប្រាស់ កុំបិទបាំង និងរាយការណ៍ជូនសមត្ថកិច្ច) ដើម្បីលុបបំបាត់គ្រឿងញៀនឱ្យអស់ពីសហគមន៍៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា



















