ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-គុយបា ចុះអនុស្សរណៈថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីបង្កើនការសហការនិងពង្រីកទំនាក់ទំនងក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប ក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងមានក្របខណ្ឌសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងការចែករំលែកការអនុវត្តល្អៗក្នុងវិស័យទេសចរណ៍។ ជាពិសេស កិច្ចសហការនេះនឹងជួយបើកឱកាសឱ្យកម្ពុជាពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ទៅកាន់តំបន់អាមេរិកឡាទីន ដោយផ្អែកលើគោលការណ៍សមភាព និងផលប្រយោជន៍រួម។
គួរបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋគុយបា បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ហើយគិតត្រឹមឆ្នាំ២០២៦នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានរយៈពេល៦៦ឆ្នាំ។ ការចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នេះ ជាជំហានមួយក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា ក្នុងវិស័យទេសចរណ៍៕ដោយ៖សុភ័ក្រ្ត