សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់។
ក្នុងដំណើរចុះពិនិត្យនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានការអមដំណើរដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ការចុះទៅកាន់មូលដ្ឋាននេះ ស្របពេលប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យជាង ៣,០០០ គ្រួសារ បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយជាង ១,៤០០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៤៤,៨៨៩ គ្រួសារ នៅក្នុងខេត្តចំនួន១០ទូទាំងប្រទេស។ ស្ថានភាពនេះបានធ្វើឱ្យការតាមដាន និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្លាយជាកិច្ចការសំខាន់នៅតាមតំបន់ដែលកំពុងប្រឈមនឹងទឹកជំនន់។
ដោយ៖ សុភ័ក្រ្ត



