ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានមក ភាគីថៃបានចោទកម្ពុជាថារំលោភបំពានទាំងដែលកងទ័ពថៃខ្លួនឯងបានរំលោភបំពានបទឈប់បាញ់គ្នាសោះ។ បើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ការចោទប្រកាន់របស់ភាគីថៃ និងបានបញ្ជាក់ថា កម្ពុជានឹងបានកសាងឯកសារដែលថៃរំលោភបំពាន់បទឈប់បាញ់ ដាក់ជាភស្តុតាងជូនទៅអាស៊ាន និងអង្គការសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់នៅរសៀលថ្ងៃទី០១ ខែសីហា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »ថា ក្រសួងការបរទេសកម្ពុជា បានប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងមួយចំនួនរបស់ក្រសួងការបរទេសថៃនៅថ្ងៃទី៣១ ខែកក្កដា ដែលមានលក្ខណៈជាការបំភ័ន្តមតិ។ ក្នុងន័យនេះ ឯកឧត្តម បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាបានប្រកាន់ភ្ជាប់ចំពោះច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី ក៏ដូចជាយន្តការដែលដឹកនាំដោយអាស៊ាន។
យ៉ាងណាមិញ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់ភាគីថៃអំពីស្វ័យការពារគឺជាបំភ័ន្តការពិត ដោយការប៉ះទង្គិចប្រដាប់អាវុធនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ភាគីថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅក្នុងទឹកដីនៃប្រទេសកម្ពុជាមុន ពុំមែនជាការឈ្លានពានរបស់កម្ពុជាទៅលើថៃឡើយ។
ផ្ទុយទៅវិញ ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា ការលើកឡើងរបស់ថៃអំពីស្វ័យការពារវាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ។ ចំពោះការលើកឡើងរបស់ថៃអំពីការធ្វើអន្តរជាតិតូបនីយកម្ម ដើម្បីបំភ័ន្តការពិតរបស់កម្ពុជា ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា សកម្មភាពការខិតខំប្រឹងប្រែងផ្នែកការទូតរបស់កម្ពុជា គឺមានភាពត្រឹមត្រូវស្របតាមច្បាប់។ សកម្មភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិ គឺធ្វើឡើងដោយសុខចិត្ត ដើម្បីតម្លាភាពហើយនិងការត្រួតពិនិត្យជាពហុភាគី ពុំមែនជាការធ្វើអន្តរជាតិតូបនីយកម្មដើម្បីបំភ័ន្តមតីដូចការចោទប្រកាន់របស់ភាគីថៃឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

