បើតាមអង្គការUNICEF ប្រចាំកម្ពុជា បានឱ្យដឹង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា កុមារកម្ពុជាប្រមាណ១,៣លាននាក់ នឹងត្រូវប្រឈម ហានិភ័យនៃការប្រែប្រួលបម្រួលអាកាសធាតុដែលបង្ក ដោយបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Niño)។
UNICEF បានព្យាករណ៍ថា នៅឆ្នាំ២០២៦-២០២៧ បាតុភូតអ៊ែលនីញ៉ូ នឹងមានឥទ្ធិពលខ្លាំងក្លា ជាងឆ្នាំណាៗទាំងអស់ ហើយ វាអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស។
នៅក្នុងរបាយការណ៍របស់ខ្លួន UNICEF បានលើកជាសញ្ញា អាសន្នថា ការប្រែប្រួលអាកាសធាតុ ដោយបាតុភូតអ៊ែលនីញ៉ូ នឹង អាចប៉ះពាល់ខ្លាំងដល់ប្រភពទឹកស្បៀងអាហារ ជីវភាព រស់នៅ និងសេវាចាំបាច់នានា ដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។
មានកុមារជាង៣៤៧លាននាក់នៅតាមបណ្តាប្រទេស ជិត ១០០នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង នឹងប្រឈមមុខ នឹងស្ថានភាពក្តៅស្ងួតហួតហែង ឬសើមខុសពីធម្មតានៅ ចន្លោះ ខែតុលានិងខែធ្នូ ឆ្នាំ២០២៦។ សម្រាប់កម្ពុជាបាតុភូត អ៊ែលនីញ៉ូ អាច ឱ្យធ្វើ ឱ្យពលរដ្ឋ ខ្វះទឹកប្រើប្រាស់សម្រាប់ បង្កបង្កើនផល បង្កើនសម្ពាធក្នុងការរកចំណូលចិញ្ចឹមគ្រួសារ ប៉ះពាល់ដល់ការសិក្សារបស់កុមារ និង សេវាថែទាំសុខភាព ជាដើម ។ ការវាយតម្លៃចុងក្រោយរបស់ UNICEF បានបង្ហាញថា សាលារៀនយ៉ាងតិច៣៨០០ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែងនៅ ទូទាំងប្រទេសកម្ពុជា កំពុងស្ថិតក្នុងហានិភ័យ នៃការរងគ្រោះដោយសារគ្រោះធម្មជាតិនានា រួម៖មាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ និង ទឹកជំនន់។
ឆ្លើយតបនឹងបញ្ហានេះ UNICEF បានអះអាងថា ខ្លួននឹងសហការ យ៉ាងជិតស្និត ជាមួយរដ្ឋាភិបាលកម្ពុជា និងផ្គត់ផ្គង់សម្ភារ ចាំ បាច់ជាដើម។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងធនធានទឹក និងឧត្តុនិយម បាន ប្រកាសថា បាតុភូត អ៊ែលនីញ៉ូ នឹងមានឥទ្ធិពលក្នុងកម្រិត ១០០% នៅកម្ពុជា ចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែ កុម្ភៈឆ្នាំ២០២៧៕
ដោយ៖ ស្រីពី




