ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច» (RISE) ក្នុងគោលបំណងគាំទ្រការរក្សាស្ថិរភាពសេដ្ឋកិច្ច បង្កើតការងារ ការពារជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ចំពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងពហុវិបត្តិ។
ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉សមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក ចាង នៀនហ្សាន អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ADB។
កម្មវិធី RISE ស្ថិតក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) មានគោលដៅគាំទ្រកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច និងថាមពល។ កម្មវិធីនេះផ្តោតលើការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលថ្លៃប្រេងឥន្ធនៈ ការផ្តល់ជំនួយហិរញ្ញវត្ថុ និងគាំទ្រវិស័យកសិកម្មដល់គ្រួសារងាយរងគ្រោះ ព្រមទាំងជំរុញអន្តរកាលបៃតង ដើម្បីពង្រឹងភាពធន់របស់សេដ្ឋកិច្ចក្នុងរយៈពេលវែង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ហិរញ្ញប្បទាននេះ គឺជាវិធានការបន្ទាន់ និងទាន់ពេលវេលា ដើម្បីជួយកម្ពុជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានេះ កម្ពុជា បានក្លាយជាប្រទេសសមាជិកដំបូងគេ ដែលទទួលបានការគាំទ្រក្រោមកម្មវិធី RISE បន្ទាប់ពីក្រុមប្រឹក្សាភិបាល ADB អនុម័តកម្មវិធីនេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ ADB ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះបញ្ហាប្រឈមសេដ្ឋកិច្ច និងបន្តគាំទ្រកម្ពុជាក្នុងគ្រាលំបាក។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ សបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងការជឿទុកចិត្តរវាង ADB និងរាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែក លោក ចាង នៀនហ្សាន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារជីវភាពប្រជាពលរដ្ឋ ហើយអះអាងថា ADB នឹងបន្តគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់ ដើម្បីគាំទ្រកម្ពុជាក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) និងរក្សាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព៕
ដោយ៖ ប៉ៃ សុឃីម




