ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រើបច្ចេកវិទ្យាទំនើបបង្ក្រាបបទល្មើសព្រៃឈើ

KPS99TVសរសេរ:ប៉ៃ សុឃីម

កម្ពុជា និងសហរដ្ឋអាមេរិក បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងជំនួបនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្រាប់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារធនធានធម្មជាតិ ដោយអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង និងស្មើភាពចំពោះរាល់បទល្មើស ដោយមិនមានការលើកលែងឡើយ។ រាល់ករណីល្មើស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកឡើងពីការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសមុំ «ភាពបៃតង ២.១» ដែលផ្តោតលើការស្ដារ និងពង្រីកគម្របព្រៃឈើ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធតាមដានដោយបច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការការពារ និងអភិរក្សធនធានធម្មជាតិ។

ជាការឆ្លើយតប លោក Devineni Udaykiran បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម