ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា ប្រកាសប្រឆាំងដាច់ខាតការប្រើប្រាស់គ្រាប់បែកចង្កោម និងអំពាវនាវឱ្យពិភពលោកបញ្ចប់អាវុធដ៏គ្រោះថ្នាក់នេះ

KPS99TVសរសេរ:ប៉ៃ សុឃីម

កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល និងបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌដ៏គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សហគមន៍រាប់សិបឆ្នាំ និងឆ្លងជំនាន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិភាព និងសុវត្ថិភាពមនុស្សជាតិ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការជំនួយប្រជាជនន័រវេស្ស៍ (Norwegian People's Aid - NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់គ្រាប់បែក និងមីនក្រោយសង្គ្រាម ដូច្នេះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការលុបបំបាត់អាវុធប្រភេទនេះឱ្យផុតពីពិភពលោក៕

ដោយ៖ ប៉ៃ សុឃីម