ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» (My Village, My Food) កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Metfone ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជំរុញបរិវត្តកម្មឌីជីថល និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កិច្ចសហការនេះមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចអំណោយផល។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុចគន្លឹះពង្រីកការផ្សព្វផ្សាយម្ហូបខ្មែរហើយ កិច្ចសហការនេះនឹងជួយផ្សព្វផ្សាយម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ម្ហូបអាហារក្នុងស្រុក ដើម្បីបង្ហាញពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍នីមួយៗ។
ទេសចរណ៍សម័យថ្មីលែងពឹងផ្អែកលើតែទេសភាព ឬគោលដៅមួយមុខទៀតនោះទេ គឺផ្តោតលើ «ការផ្តល់បទពិសោធន៍ពិតប្រាកដ សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិត» តាមរយៈការភ្លក់រសជាតិម្ហូបប្រចាំតំបន់ ការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់សហគមន៍ — ពោលគឺ «ត្រូវលក់ទាំងគោលដៅ ព្រមទាំងលក់អារម្មណ៍ជូនភ្ញៀវទេសចរ»។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នកផលិតមាតិការត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យអស់សក្តានុពល ក្នុងការផលិត និងផ្សព្វផ្សាយវីដេអូបង្ហាញពីម្ហូបអាហារ វប្បធម៌ និងផលិតផលក្នុងមូលដ្ឋានទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិទូទាំងពិភពលោក។
ដូច្នេះយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិនៅតាមបណ្តាខេត្ត-ក្រុង ដោយផ្សារភ្ជាប់ម្ហូបអាហារជាមួយវប្បធម៌ ប្រពៃណី ជីវភាពសហគមន៍ និងផលិតផលទេសចរណ៍ក្នុងស្រុកឱ្យកាន់តែលេចធ្លោ៕
ដោយ៖ ប៉ៃ សុឃីម










