ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងរ៉ែ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យ លើដំបូល

ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្ន ការទទួលពាក្យស្នើ សុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ លើដំបូល ជូនអ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ។
ក្រសួង បានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ដោយហេតុថា នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹង តម្រូវការបានគ្រប់គ្រាន់។
ក្នុងការអនុវត្តគោលការណ៍សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅ កម្ពុជា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបាន ចំនួន ៦៨ ក្រុមហ៊ុនរួច ហើយក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ៥៨ ក្រុមហ៊ុន សម្រាប់ធ្វើ សកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។ ផ្អែកលើស្ថានភាពនៃការអនុវត្តគោលការណ៍ខាងលើ និងតម្រូវការផ្ដល់ សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែល ទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ។
ដូច្នេះ ដើម្បីទុកពេលវេលាសម្រាប់ការតាមដាន និងវាយតម្លៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការជាក់ស្តែងសម្រាប់ការផ្តល់សេវាកម្មខាងលើនេះ ក្រសួងរ៉ែនិងថាមពល សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ជាមួយគ្នានេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ ត្រូវអនុវត្តការងារដំឡើងដោយផ្ទាល់ ដោយមិន ត្រូវផ្ទេរ ឬប្រថាប់ត្រា ឬប្រគល់ការទទួលខុសត្រូវលើការងាររបស់ខ្លួនឱ្យទៅក្រុមហ៊ុន ឬបុគ្គលដទៃដែលពុំមានការ អនុញ្ញាតឡើយ ព្រមទាំងមិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការ ជាក់ស្ដែងនោះទេ។