សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពនិងជីវភាពរស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចាប់ផ្តើមនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សន្និសីទនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣-២៤ ខែកញ្ញា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាឆ្លងដែនដ៏ស្មុគស្មាញ។
ថ្លែងបើកវេទិការនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់នោះឡើយ។
បន្ថែមពីនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូងលើបញ្ហានេះរបស់ប្រទេសកម្ពុជា ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ។
នៅចំពោះមុខបណ្ដាអន្តរជាតិសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជំហរច្បាស់លាស់នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុកដា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាទទួលខុសត្រូវទាំងស្រុង លើការធានាសន្ដិភាពព្រំដែនរបស់យើង ការអនុវត្តច្បាប់ និងការស្ដារឡើងវិញនៃបូរណភាពជាតិនៃយុត្តាធិការជាតិរបស់យើង ហើយការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់ និងមិនមានការយោគយល់ឡើយ។
សូមបញ្ជាក់ថាសន្និសីទកម្រិតអន្តរជាតិនេះ មានការចូលរួមពីគណៈប្រតិភូថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីមកពី១៦ប្រទេស និងមន្ត្រីបច្ចេកទេសមកពី១៤ប្រទេសបន្ថែមទៀត ព្រមទាំងតំណាងពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។ ក្នុងចំណោមប្រទេសចូលរួមមាន កម្ពុជា ចិន សហរដ្ឋអាមេរិក ដែលមានការចូលរួមពី FBI មួយផ្នែក ចក្រភពអង់គ្លេស និងប្រទេសនានានៅទូទាំងអាស៊ី។ ដោយ៖ សុភ័ក្រ្ត 
