ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-ចិន បន្តដៃគូរឹងមាំ! វាយតម្លៃខ្ពស់លើលទ្ធផលបោសសម្អាតបទល្មើសអនឡាញខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ភាពជាដៃគូអនុវត្តច្បាប់រវាងកម្ពុជានិងចិនកាន់តែស្អិតរមួត ស្របពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នសន្តិសុខនៃប្រទេសទាំងពីរ បានជួបពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ កាលពីររសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំពិធីទទួលស្វាគមន៍ផ្លូវការប្រកបដោយកិត្តិយសជូន ឯកឧត្តម យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរួមគ្នាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងឈានទៅចុះហត្ថលេខាលើផែនការបន្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគី។

របៀបវារៈស្នូលនៃកិច្ចពិភាក្សាទ្វេភាគី បានផ្តោតលើការចែករំលែកបទពិសោធជាក់ស្តែង និងការពង្រឹងវិធានការក្តៅក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននានា រួមមានការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងការចរាចរណ៍ទំនិញខុសច្បាប់។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងសងខាង ដែលបានប្រឹងប្រែងបំពេញបេសកកម្មរួមគ្នាដោយភាពស្មោះត្រង់ និងសម្រេចបានស្នាដៃជាក់ស្តែងជាច្រើនគួរឱ្យកត់សម្គាល់។

ជាចុងក្រោយ ប្រមុខស្ថាប័នអនុវត្តច្បាប់ទាំងកម្ពុជានិងចិន បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពការងារនាពេលកន្លងមក ជាពិសេសប្រតិបត្តិការបង្ក្រាបសំបុកបទល្មើសអនឡាញ ដែលទទួលបានការគាំទ្រ និងការអបអរសាទរទៅវិញទៅមក។ ភាពជោគជ័យនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលទាំងពីរ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ ស្រីពី