នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍ «Odyssey» បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ចំនួន ២៣៦នាក់ ក្នុងនោះមានស្ត្រី ១៣៥នាក់ មកពី ១៧សញ្ជាតិ រួមជាមួយនាវិកចំនួន ១៦៦នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ មកពី ២០សញ្ជាតិ។
នាវាទេសចរណ៍នេះមានប្រវែង ១៩៥,៨ម៉ែត្រ និងទទឹង ២២,៥០ម៉ែត្រ។ ក្នុងឱកាសចូលចតនេះ ភ្ញៀវទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ភ្ញៀវទេសចរណ៍ក៏ទទួលបានក្រម៉ាជាវត្ថុអនុស្សាវរីយ៍ពីសំណាក់អាជ្ញាធរម្នាក់១ ផងដែរ។
ទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណោយផលក៏ដោយ ភ្ញៀវទេសចរណ៍បានបន្តចុះពីនាវា និងធ្វើដំណើរតាមរថយន្តទៅកាន់គោលដៅទេសចរណ៍នានា ដើម្បីស្វែងយល់ និងទស្សនាតំបន់អភិវឌ្ឍន៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនក្នុងខេត្តព្រះសីហនុ។
ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំនេះ បានរួមចំណែកបង្ហាញពីសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងការបន្តទទួលភ្ញៀវអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរនៅតាមគោលដៅនានា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយភាពរីករាយ៕
រូបភាពនិងអត្ថបទ
ដោយ៖ ប៉ៃ សុឃីម











