ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ខ្ញុំសូមជម្រាបជូនបងប្អូន យុវជនថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែ មានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ។

ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ សូមបងប្អូនយុវជន តាមដានសេចក្តីជូន ដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។

ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែល សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាព ទឹកដី ប្រជាជន និងសុខសន្តិភាព ។

ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព។ ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាច ចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មាន មូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ។

ខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ ផ្តល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ។ ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម មានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន។ ដំណើរការជ្រើសរើសត្រូវអនុវត្តតាម លក្ខខណ្ឌ និងនីតិវិធី ដែលបានកំណត់ ប្រកបដោយតម្លាភាព និងស្មើភាព៕
ដោយ៖ ប៉ៃ សុឃីម