ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រឹតចំណងមិត្តភាពជិត ៧ទសវត្សរ៍! សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់នូវែលសេឡង់

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកទ្វារស្វាគមន៍លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ ដែលទើបទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារទ្វេភាគីសំខាន់ៗ។

ជំនួបការទូតនេះធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងនូវែលសេឡង់ ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិនៃប្រទេសទាំងពីរ។

គួររំលឹកផងដែរថា ចំណងមិត្តភាព និងទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងនូវែលសេឡង់ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩មកម្ល៉េះ។ គិតមកទល់ឆ្នាំ២០២៦នេះ កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ បានឈានចូលដល់វ័យ ៦៧ឆ្នាំហើយ ដែលជាសក្ខីភាពយ៉ាងរស់រវើកបង្ហាញពីភាពស្អិតល្មួត និងការគាំទ្រគ្នាទៅវិញទៅមកជាប្រវត្តិសាស្ត្រ។ដោយ៖ស្រីពី