ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងទ័ពជួរមុខប្រចាំទិសប្រាសាទតាមាន់

សរសេរ:ប៉ៃ សុឃីម

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ នៅថ្ងៃទី២៨ ខែកញ្ញា និងពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ព្រមទាំងបន្តគាំទ្រកងទ័ពជួរមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះវីរកងទ័ពទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ធំធេងរបស់កងទ័ព និងក្រុមគ្រួសារ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ថាជាមេទ័ពដ៏ឆ្នើម មានភាពឈ្លាសវៃ អង់អាចក្លាហាន ប្រកបដោយវិន័យខ្ពស់ និងយល់ច្បាស់ពីយុទ្ធសាស្ត្រសមរភូមិ ដែលស្តែងចេញតាមរយៈភាពរឹងមាំ និងសណ្តាប់ធ្នាប់នៃកងកម្លាំងក្រោមឱវាទ។

គួរបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ហើយស្ថាប័ននេះនឹងបន្តកៀរគរសប្បុរសជន ដើម្បីគាំទ្រនិងឧបត្ថម្ភដល់កងទ័ពជួរមុខជាបន្តបន្ទាប់ទៀត៕ដោយ៖ ប៉ៃ សុឃីម