ខេត្តព្រះសីហនុ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយអភិបាលរងខេត្ត មន្ត្រីរាជការ មេបញ្ជាការកងទ័ពជើងទឹករាម និងសហការី ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅ វត្តឧត្តមវិញ្ញាណរាម ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំ បានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរជន និងវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បាននាំយកទ័យទាន និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគេនព្រះសង្ឃ រួមមាន អង្ករចំនួន ៣០០គីឡូក្រាម មី ទឹកសុទ្ធ ទឹកក្រូច ផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ព្រមទាំងថវិកាសរុបជាង ១២លានរៀល សម្រាប់ប្រើប្រាស់ និងចាត់ចែងក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍វត្តអារាម ព្រមទាំងតម្រូវការចាំបាច់នានារបស់ព្រះសង្ឃ។
ក្នុងឱកាសដដែលនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បានចុះពិនិត្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងបរិវេណវត្តឧត្តមវិញ្ញាណរាម ដោយផ្តោតលើការរៀបចំសោភ័ណភាព និងបរិស្ថានឱ្យមានភាពស្អាត និងល្អប្រសើរ។
ការអភិវឌ្ឍនេះ មានគោលបំណងប្រែក្លាយវត្តឧត្តមវិញ្ញាណរាម ឱ្យកាន់តែមានសោភ័ណភាព និងស័ក្តិសមជាទីកន្លែងសម្រាប់គោរពបូជា និងធ្វើបុណ្យរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងជាទីកន្លែងទេសចរណ៍វប្បធម៌មួយ ដែលប្រកបដោយបរិយាកាសល្អ ស្អាត សម្រាប់ការគោរពបូជា និងការសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា
















