ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះជួយប្រជាពលរដ្ឋ ១៦០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

សរសេរ:ប៉ៃ សុឃីមថតរូប:កែវ ដារ៉ា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានចែកអំណោយជូនគ្រួសាររងគ្រោះដោយជំនន់១៦០គ្រួសារ នៅស្រុកព្រៃនប់ នាថ្ងៃទី២៩ ខែកញ្ញា។ ក្នុងមួយគ្រួសារទទួលបានសម្ភារៈ និង៥ម៉ឺនរៀល ហើយវត្តព្រៃនប់ទទួលទេយ្យវត្ថុ និង២លានរៀល។

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ចុះចែកជូនប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកពីឃុំព្រៃនប់ និងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ បានរងផលប៉ះពាល់ដល់លំនៅឋាន ទ្រព្យសម្បត្តិ និងជីវភាពរស់នៅ ដោយសារជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរមូលដ្ឋាន តែងតែចុះផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ជរា ព្រមទាំងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាក។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី រក្សាអនាម័យ និងសម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងលំនៅឋាន ដើម្បីការពារកុំឱ្យមានសត្វអសិរពិស និងសត្វមានគ្រោះថ្នាក់ផ្សេងៗចូលក្នុងផ្ទះ។ បន្ទាប់ពីទឹកស្រក ប្រជាពលរដ្ឋត្រូវបន្តប្រកបរបរ និងបង្កើនការដាំដុះ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។

សម្រាប់អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ មី ទឹកត្រី កន្ទេល ទឹកសុទ្ធ ឃីត ១កញ្ចប់ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀល។

ការចុះជួយនេះ គឺជាសកម្មភាពមនុស្សធម៌ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ដោយមិនទុកឱ្យប្រជាពលរដ្ឋដែលជួបការលំបាកប្រឈមនឹងបញ្ហាតែម្នាក់ឯងឡើយ។

ក្នុងឱកាសនោះដែរឯកឧត្តមថ្នាក់ដឹកនាំក៏បានប្រគេនទេយ្យវត្ថុ រួមជាមួយថវិកា២លានរៀលដល់ព្រះសង្ឃក្នុងវត្តព្រៃនប់ផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា