ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង

សរសេរ:ប៉ៃ សុឃីម

សភាពាណិជ្ជកម្មកម្ពុជាបានប្រជុំត្រៀមរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន នៅថ្ងៃទី២៩ ខែកញ្ញា ដោយពិភាក្សាអំពីការរៀបចំកម្មវិធី ការអញ្ជើញភ្ញៀវ ភស្តុភារ ថវិកា និងជំនួបពាណិជ្ជកម្ម។

ដើម្បីត្រៀមលក្ខណៈឱ្យបានល្អិតល្អន់សម្រាប់ព្រឹត្តិការណ៍ធុរកិច្ចអន្តរជាតិដ៏មានសារៈសំខាន់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធាន សមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ការបង្កើតគណៈកម្មាធិការរៀបចំកម្មវិធី ការរៀបចំបញ្ជីឈ្មោះ និងអញ្ជើញឥស្សរជនជាន់ខ្ពស់ ព្រមទាំងវាគ្មិនកិត្តិយស កិច្ចការងារភស្តុភារ និងផែនការគ្រប់គ្រងថវិកាទ្រទ្រង់ ការរៀបចំកម្មវិធីជំនួបពាណិជ្ជកម្ម (B2B Matching) និងកិច្ចការគាំទ្រផ្សេងៗ។

គួរជម្រាបជូនថា វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ កើតឡើងក្រោមកិច្ចសហការរវាង សភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទដ៏មានអត្ថន័យ៖ «នវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម»។

ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ នឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង៕ដោយ៖ ប៉ៃ សុឃីម