ខេត្តព្រះសីហនុ៖ កិច្ចប្រជុំស្តីពី «ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងកន្លែងធ្វើការ» លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បរិយាកាសការងារល្អ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរក្សាសុខដុមរមនា សាមគ្គីភាព បង្កើនផលិតភាព និងលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតនាព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២៦។
លោកបានបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅខេត្តព្រះសីហនុ កំពុងបង្កើតឱកាសការងារកាន់តែច្រើន។ ដូច្នេះ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ការគោរពគ្នា ការស្តាប់មតិយោបល់ និងការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ ដើម្បីទប់ស្កាត់បញ្ហាតូចតាចមិនឱ្យវិវត្តទៅជាវិវាទការងារ។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ឥរិយាបថ និងការប្រើប្រាស់ពាក្យសម្តីរបស់គណៈគ្រប់គ្រង ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់រោងចក្រ សហគ្រាស និងក្រុមហ៊ុន មានសារៈសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិក និងកម្មករនិយោជិត។ ការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងជួយកាត់បន្ថយការយល់ច្រឡំ និងការកើតមានវិវាទនៅកន្លែងធ្វើការ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីតួនាទីសំខាន់របស់អ្នកបកប្រែ ប្រសិនបើបកប្រែមិនបានត្រឹមត្រូវ ឬមិនច្បាស់លាស់ អាចបង្កឱ្យមានការភាន់ច្រឡំរវាងគណៈគ្រប់គ្រង និងកម្មករនិយោជិត។ ដូច្នេះ អ្នកបកប្រែត្រូវមានវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាវិវាទការងារបានទាន់ពេលវេលា ព្រមទាំងបានលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបន្តចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ ឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត និងរួមគ្នាកសាងកន្លែងធ្វើការដែលមានសុខដុមរមនា សុវត្ថិភាព និងផលិតភាពខ្ពស់៕អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព ៖ ឡាយ ចាន់ដា





















