ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក «ជ្រៃធំ (កម្ពុជា) - ខាញ់ប៊ិញ (វៀតណាម)» កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលចរាចរណ៍មនុស្ស និងទំនិញ ព្រមទាំងពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរួមគ្នាដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
ការដំឡើងកម្រិត និងបើកដំណើរការច្រកទ្វារអន្តរជាតិនេះ នឹងផ្ដល់ផលប្រយោជន៍ជាក់ស្ដែងលើវិស័យសំខាន់ៗ ក្នុងការសម្រួលការធ្វើដំណើរ និងទេសចរណ៍ បង្កលក្ខណៈងាយស្រួល ឆាប់រហ័ស ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងភ្ញៀវទេសចរអន្តរជាតិក្នុងការឆ្លងកាត់ព្រំដែន។
លើកកម្ពស់ខ្សែច្រវាក់នាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជារវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា។
រួមកម្លាំងគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចឥតឈប់ឈរ៕ ដោយ៖ ប៉ៃ សុឃីម











