ខេត្តព្រះសីហនុ៖ ករណីសង្គ្រោះបន្ទាន់មួយត្រូវបានធ្វើឡើងទាន់ពេលវេលា កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយអ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់ចែងក្រុមការងារចេញអន្តរាគមន៍ជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលរងគ្រោះដោយសារសត្វពស់មានពិសចឹក នៅលើភូមិសាស្ត្រក្រុងកោះរ៉ុង។
ភ្លាមៗបន្ទាប់ពីទទួលបានដំណឹង អូប័រល្បឿនលឿនរបស់ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ត្រូវបានបញ្ជូនចេញទៅទទួលយកកុមារារងគ្រោះពីដែនកោះ ឆ្លងកាត់ផ្ទៃសមុទ្រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។
បន្ទាប់មក រថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា បានរង់ចាំទទួល និងបន្តដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះសីហនុភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិត និងព្យាបាលជាតិពិសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម






