ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រវត្តិសាស្ត្រថ្មី! កម្ពុជាបើកផ្លូវទឹកដឹកជញ្ជូនអង្ករត្រង់ពីកំពង់ផែកំពតទៅកាន់ហ្វីលីពីន តាមរយៈក្រុមហ៊ុន Signature Rice

សរសេរ:ប៉ៃ សុឃីម

ក្រុមហ៊ុន Signature Rice បានចាប់ផ្តើមនាំចេញអង្ករ ៥,០០០ តោនតាមនាវាពីកំពង់ផែកំពតទៅហ្វីលីពីន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ និងមានគោលដៅនាំចេញ ៦០,០០០ តោនក្នុងត្រីមាសទី៤។

ព្រឹត្តិការណ៍ពាណិជ្ជកម្មកសិកម្មដ៏សំខាន់មួយបានកើតឡើង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយក្រុមហ៊ុន Signature Rice បានចាប់ផ្តើមនាំចេញអង្ករកម្ពុជាចំនួន ៥,០០០ តោន តាមកប៉ាល់ដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែខេត្តកំពតឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រនៃការដឹកជញ្ជូនតាមនាវាលើកដំបូងចេញពីកំពត និងជាការសម្ពោធផ្លូវទឹកត្រង់ជាប្រចាំរវាងប្រទេសទាំងពីរ។
យុទ្ធសាស្ត្រពង្រីកទីផ្សារ និងទិសដៅនាំចេញ ផែនការត្រីមាសទី៤ ឆ្នាំ២០២៦ក្រុមហ៊ុនគ្រោងនាំចេញសរុប ៦០,០០០ តោន ដោយបែងចែកជា ១៥,០០០ តោនក្នុងខែតុលា និង ៤៥,០០០ តោនទៀតក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ តាមកាលវិភាគប្រចាំសប្តាហ៍ (ប្រមាណ ៥,០០០ តោនក្នុងមួយជើង)។


ទស្សនវិស័យឆ្នាំ២០២៧ ក្រុមហ៊ុនបានកំណត់គោលដៅនាំចេញឱ្យបានរហូតដល់ ១០០,០០០ តោន ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រផ្គត់ផ្គង់រយៈពេលវែង។
ទំហំទីផ្សាររួម យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅហ្វីលីពីនបាន ១២២,១០២ តោន ហើយរំពឹងថានឹងកើនដល់ ២០៩,៤៤៦ តោនពេញមួយឆ្នាំ ខណៈដែលហ្វីលីពីនមានតម្រូវការនាំចូលអង្ករបរទេសសរុបរហូតដល់ ៥.៥ លានតោនក្នុងឆ្នាំនេះ។


ប្រសិទ្ធភាពសេដ្ឋកិច្ចនៃការដឹកជញ្ជូនតាមនាវាផ្ទាល់ លោក ចាន់ ពេជ្រ នាយកគ្រប់គ្រងក្រុមហ៊ុន Signature Rice បានគូសបញ្ជាក់ថា ការដឹកជញ្ជូនអង្ករពេញនាវាធំជំនួសឱ្យការប្រើប្រាស់កុងតឺន័រ ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនល្បឿន និងជួយឱ្យដៃគូពាណិជ្ជកម្មទទួលបានបរិមាណច្រើនក្នុងពេលតែមួយ។ សំខាន់ជាងនេះ យន្តការនេះជួយរក្សាស្ថិរភាពគុណភាពអង្ករបានយ៉ាងល្អប្រសើរ និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។


សង្វាក់ផលិតកម្មបៃតង និងចីរភាព ក្នុងនាមជាសមាជិកនៃ The Heritage Group ដែលបាននាំចេញអង្ករទៅកាន់ ៣៦ ប្រទេសតាំងពីឆ្នាំ២០០៩ Signature Rice បានគ្រប់គ្រងសង្វាក់តម្លៃយ៉ាងហ្មត់ចត់ ចាប់ពីស្រែដល់កំពង់ផែ។


កិច្ចសន្យាកសិកម្ម ចងក្រងនិងធ្វើការផ្ទាល់ជាមួយសហគមន៍កសិករនៅបណ្តាខេត្តសំខាន់ៗ (ព្រះវិហារ កំពង់ធំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ) ធានាការតាមដានប្រភពដើម និងស្តង់ដារគុណភាព អនុវត្តគោលការណ៍គ្មានសំណល់ (Zero Waste) និងទទួលបានវិញ្ញាបនបត្រជា «រោងម៉ាស៊ីនកិនស្រូវបៃតងតាមស្តង់ដារ EDGE» ដំបូងគេនៅកម្ពុជា និងអាស៊ី។


ជំហានជោគជ័យនេះមិនត្រឹមតែពង្រឹងពាណិជ្ជកម្មឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករកែច្នៃឱ្យបាន ១ លានតោន ព្រមទាំងឆ្លុះបញ្ចាំងពីផ្លែផ្កានៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំ២០២៥ កន្លងទៅផងដែរ៕ដោយ៖ ប៉ៃ សុឃីម