វិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅកម្ពុជា កំពុងក្លាយជាចំណុចចាប់អារម្មណ៍វិនិយោគដ៏ទាក់ទាញ ក្រោយគណៈប្រតិភូអ្នកជំនួញបរទេស បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកសិដ្ឋានទំនើបៗដោយផ្ទាល់ នៅខេត្តកំពង់ឆ្នាំង និងជាយរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីសមត្ថភាពផលិតជាក់ស្តែងលើទីតាំងសំខាន់ៗ រួមមាន កសិដ្ឋានបន្លែសុវត្ថិភាព នៅជាយរាជធានីភ្នំពេញ កសិដ្ឋានចិញ្ចឹមមាន់សាច់ ដំណាក់កាលសាងសង់ ៣រោង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កសិដ្ឋានមាន់យកស៊ុត ខ្នាតធំដែលកំពុងសាងសង់រហូតដល់ ១៦រោង កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងគោយកសាច់ ជាង ៤,០០០ក្បាល (គោយកទឹកដោះ ១,៧០៣ក្បាល និងគោយកសាច់ ២,៣០០ក្បាល) ស្ថិតនៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កសិដ្ឋាននេះ មិនត្រឹមតែចិញ្ចឹមពូជគោព្រាហ្មក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានបង្កាត់ និងចិញ្ចឹមពូជគោសាច់លំដាប់ពិភពលោកដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា Charolais, Black Angus និងពូជ Wagyu របស់ជប៉ុនផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការបង្ហាញទិដ្ឋភាពផលិតកម្មជាក់ស្តែងដល់វិនិយោគិនបែបនេះ គឺជាយុទ្ធសាស្ត្របញ្ជាក់ឱ្យឃើញថា កម្ពុជាមិនត្រឹមតែមានដីធ្លី និងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានខ្សែច្រវាក់ផលិតកម្មខ្នាតធំប្រកបដោយស្តង់ដាររួចជាស្រេច សម្រាប់ត្រៀមទទួលទុនថ្មីៗមកពង្រីកបន្ថែម។
លំហូរទុនវិនិយោគថ្មីលើការផលិតសាច់ ស៊ុត ទឹកដោះ និងបន្លែ អាចក្លាយជាកម្លាំងចលករដ៏រឹងមាំជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ធានាសន្តិសុខស្បៀង បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ ព្រមទាំងត្រួសត្រាយផ្លូវជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិទៅថ្ងៃអនាគត៕
ដោយ៖ ប៉ៃ សុឃីម















