ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងកិច្ចការនារី៖ ស្រ្តីមិនត្រឹមតែជាអ្នករងគ្រោះពីការប្រែប្រួលអាកាសធាតុទេ តែជាកាតាលីករដឹកនាំការផ្លាស់ប្តូរ

សរសេរ:ប៉ៃ សុឃីម

លោកជំទាវ ស៊ីវណ្ណ បុទុម បានលើកឡើងពីតួនាទីស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍបៃតង ក្នុងសិក្ខាសាលានាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីបើក «សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី កម្មវិធីអភិវឌ្ឍសមត្ថភាពធន់របស់ស្រ្តី ក្នុងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាបញ្ហាសង្គម-សេដ្ឋកិច្ចដ៏ស្រួចស្រាវ ដែលជះឥទ្ធិពលខ្លាំងលើជីវភាពពលរដ្ឋ ជាពិសេស ស្រ្តី កុមារ ជនមានពិការភាព មនុស្សចាស់ និងក្រុមជនងាយរងគ្រោះ ដោយសារកត្តាលក្ខខណ្ឌសង្គម បន្ទុកថែទាំគ្រួសារ និងកង្វះលទ្ធភាពទទួលបានធនធាន ឬព័ត៌មាន។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តីជាអាទិភាពគន្លឹះ ដោយផ្តោតលើចំណុចសំខាន់ៗរួមមានការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសង្គម បង្កើនការវិនិយោគលើការអប់រំ សុខភាព ភាពជាអ្នកដឹកនាំ និងសិទ្ធិសម្រេចចិត្ត ដើម្បីទាញយក «ភាគលាភយេនឌ័រ» និងកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

បង្វែរស្រ្តីពីអ្នករងគ្រោះទៅជាអ្នកដឹកនាំ ក្រោមយុទ្ធសាស្ត្រទី៦ នៃផែនការនារីរតនៈទី៦ ក្រសួងកំណត់ចក្ខុវិស័យថា «ស្រ្តីមិនត្រឹមតែជាអ្នករងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារនៃការផ្លាស់ប្តូរ (Agents of Change) និងជាអ្នកដឹកនាំសកម្មភាពអាកាសធាតុ» តាមរយៈតួនាទីអប់រំក្នុងគ្រួសារ សហគមន៍ និងការកែប្រែឥរិយាបថសង្គមឆ្ពោះទៅរកការអភិវឌ្ឍបៃតង។

បញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ ជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បញ្ចូលបញ្ហាយេនឌ័រ និងបរិយាបន្នសង្គម ទៅក្នុងច្បាប់ ផែនការយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម