កម្លាំងចម្រុះនៃរដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តចុះអនុវត្តការងាររដ្ឋបាលលើ ៣ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយបានរកឃើញជនបរទេសសរុប ២២នាក់ សុទ្ធសឹងតែមានឯកសារស្នាក់នៅស្របច្បាប់ និងពុំមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត លទ្ធផលនៃការត្រួតពិនិត្យរួមមាន សង្កាត់ប៉ោយប៉ែត (១ទីតាំង) ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានរកឃើញជនបរទេសចំនួន ១៦នាក់ (ស្រី ២នាក់) សញ្ជាតិឥណ្ឌូនេស៊ី ដោយពួកគេមានឯកសារស្នាក់នៅត្រឹមត្រូវ និងគ្មានបទល្មើសអនឡាញ។
សង្កាត់ផ្សារកណ្ដាល (២ទីតាំង) បានរកឃើញជនបរទេសចំនួន ៦នាក់ (ស្រី ៣នាក់) សញ្ជាតិចិន ដែលសុទ្ធតែមានឯកសារស្របច្បាប់ និងគ្មានការពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញដូចគ្នា៕
ដោយ៖ ប៉ៃ សុឃីម



