លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។
នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។
ប្រតិបត្តិការនេះបានផ្ដោតសំខាន់លើតំបន់ទីប្រជុំជនផ្សារប្រសូតិ ស្ថិតក្នុងឃុំកណ្ដៀងរាយ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានដាក់តាំងទំនិញ តសំយាប និងសាងសង់សំណង់រឹងរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ព្រមទាំងលើគម្របប្រព័ន្ធលូ។ សកម្មភាពទាំងនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងបង្កហានិភ័យខ្ពស់ដល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោកអភិបាលស្រុក បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរមិនចង់ឱ្យប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែដើម្បីប្រយោជន៍រួម និងសុវត្ថិភាពសាធារណៈ ការចុះរៀបចំនិងកែសម្រួលឡើងវិញនេះ គឺជាវិធានការដែលមិនអាចខកខានបានឡើយ។
ជាមួយគ្នានេះ ក្រុមការងារបានចុះណែនាំ អប់រំ និងរៀបចំកែលម្អឱ្យមានរបៀបរៀបរយឡើងវិញ ដើម្បីធានាថាទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវបានប្រើប្រាស់ពេញលេញដោយគ្មានការរាំងស្ទះ។ វិធានការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១៕
ដោយ៖ ប៉ៃ សុឃីម












