ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រុងប្រយ័ត្នផ្គររន្ទះ និងខ្យល់កន្ត្រាក់! កម្ពុជាបន្តរងឥទ្ធិពលប្រយោលពីព្យុះ ៣ ព្រមគ្នា ចាប់ពីថ្ងៃទី៨ ដល់ ១០ តុលា

សរសេរ:ប៉ៃ សុឃីម

អត្ថបទនេះរាយការណ៍ការព្យាករណ៍សម្រាប់ថ្ងៃទី៨–១០ ខែតុលា ឆ្នាំ២០២៦៖ តំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយរលកសមុទ្រអាចមានកម្ពស់០,៥០–១,៧៥ម៉ែត្រ។

ព្យុះសង្ឃរាទាំង ៣ រួមមាន ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo), ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) និងព្យុះទី២៧ ឈ្មោះ ឆយវាន (Choi-wan) នៅតែបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរចំរបស់ព្យុះទាំងបីនេះនោះឡើយ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលតាមតំបន់មួយចំនួនរួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣១°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០% រីឯកម្ពស់រលកសមុទ្រមានចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកនេសាទ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ ប៉ៃ សុឃីម