ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេមេគង្គ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងណែនាំវិធានការការពារបន្ទាន់

ប៉ៃ សុឃីម

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យសហការគ្នារៀបចំគម្រោងសាងសង់ទប់ការពារច្រាំងទន្លេ ដោយដាក់សំណើមកកាន់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយផ្នែកបច្ចេកទេសឱ្យបានទាន់ពេលវេលា។


គួរបញ្ជាក់ផងដែរថា បាតុភូតបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក តែងតែកើតមានឡើងទាំងក្នុងរដូវវស្សា និងរដូវប្រាំង ដែលបង្កឡើងដោយកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស។ បញ្ហានេះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ លំនៅឋាន ដីចម្ការ ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ ប៉ៃ សុឃីម