ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្លាំងនគរបាល និងអាវុធហត្ថ ៧អង្គភាព បង្ក្រាបបទល្មើសគ្រឿងញៀន ១០ករណី និងឃាត់ខ្លួនមនុស្ស ២១នាក់

ប៉ៃ សុឃីម

អនុវត្តតាមទិសស្លោក «គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!» កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២១នាក់  កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។


ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះ ត្រូវបានបែងចែកតាមប្រភេទបទល្មើសរួមមាន៖ ករណីជួញដូរ ២ករណី ឃាត់ខ្លួន ៦នាក់, ករណីដឹកជញ្ជូន និងរក្សាទុក ៦ករណី ឃាត់ខ្លួន ១០នាក់ និងករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន ៥នាក់។ សម្រាប់វត្ថុតាងដែលចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ទម្ងន់ ៣១,១៥ក្រាម និងហេរ៉ូអ៊ីន (Heroin) ទម្ងន់ ៥.៥៨៣,៥០ក្រាម។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ សម្រេចបានក្រោមកិច្ចសហការពី ៧អង្គភាព រួមមាន៖
កម្លាំងនគរបាលជាតិ (៤អង្គភាព) ខេត្តកំពង់ឆ្នាំង បង្ក្រាបករណីរក្សាទុក ១ករណី (ឃាត់ខ្លួន ២នាក់, Ice ០,៥៦ក្រាម), ខេត្តកណ្ដាល បង្ក្រាបករណីជួញដូរ ១ករណី និងរក្សាទុក ១ករណី (ឃាត់ខ្លួន ៦នាក់, Ice ១២,៩៩ក្រាម), ខេត្តសៀមរាប បង្ក្រាបករណីជួញដូរ ១ករណី និងរក្សាទុក ១ករណី (ឃាត់ខ្លួន ៣នាក់, Ice ៩,២៤ក្រាម និងហេរ៉ូអ៊ីន ៥.៥៨៣,៥០ក្រាម) និងខេត្តតាកែវ បង្ក្រាបករណីរក្សាទុក ១ករណី (ឃាត់ខ្លួន ៣នាក់, Ice ៥,៤៨ក្រាម)។

កម្លាំងកងរាជអាវុធហត្ថ (៣អង្គភាព) ខេត្តកំពង់ស្ពឺ បង្ក្រាបករណីរក្សាទុក ១ករណី (ឃាត់ខ្លួន ១នាក់, Ice ១,៩៣ក្រាម), ខេត្តកោះកុង បង្ក្រាបករណីរក្សាទុក ១ករណី (ឃាត់ខ្លួន ១នាក់, Ice ០,៩៥ក្រាម) និងខេត្តសៀមរាប បង្ក្រាបករណីប្រើប្រាស់ ២ករណី (ឃាត់ខ្លួន ៥នាក់)៕ដោយ៖ ប៉ៃ សុឃីម