ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កោះតៃវ៉ាន់ ព្រមទិញឧស្ម័នធម្មជាតិរាវ ៣០% និងវិនិយោគទឹកប្រាក់ ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនៅរដ្ឋអាឡាស្កា

ទូច សុវណ្ណរិទ្ធី

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនេះ។
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីកោះតៃវ៉ាន់បានលើកឡើងកាលពីខែកុម្ភៈថា ពួកគេនឹងបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ឱ្យបានប្រមាណមួយភាគបីនៃការនាំចូលសរុបរបស់កោះនេះក្នុងឆ្នាំ ២០២៦ នេះ និងកាត់បន្ថយការទិញពីបណ្តាប្រទេសផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនថាមពលជាតិរបស់កោះតៃវ៉ាន់ (CPC Corp) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alaska Gasline Development Corp ដើម្បីទិញឧស្ម័នធម្មជាតិរាវ និងវិនិយោគលើគម្រោងបំពង់បង្ហូរនេះ៕ដោយ៖ រិទ្ធី