ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់-ទទួលសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ក្រោមវត្តមានព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្តអូរត្រេះ និងលោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត រួមជាមួយតំណាងអង្គភាពពាក់ព័ន្ធជាច្រើនរូប។
ព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្តអូរត្រេះ មានសង្ឃដីកាថា ជារៀងរាល់ឆ្នាំ ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃ ព្រះអង្គតែងតែចាត់ចែងបែងចែកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងសង្គម។
អំណោយដែលបានប្រគល់ជូននាពេលនេះរួមមាន៖
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានអង្ករ១តោន គ្រឿងឧបភោគបរិភោគជាច្រើនមុខនិងថវិកាចំនួន ៣.០០០.០០០ រៀល (បីលានរៀល) សម្រាប់យកទៅចាត់ចែងជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ទទួលបានអង្ករ៤២៥គីឡូ មី គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ក្នុងអង្គភាពជាច្រើន ព្រមទាំងថវិកាចំនួន ១.០០០.០០០ រៀល (មួយលានរៀល) ក្នុងមួយអង្គភាពៗ ដើម្បីទ្រទ្រង់តម្រូវការជាក់ស្ដែង។
ថ្លែងក្នុងឱកាសនោះ លោក គាំ សុខុម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងតំណាងអង្គភាពកងកម្លាំងទាំងពីរ បានសម្តែងនូវការដឹងគុណ និងអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណព្រះចៅអធិការវត្តអូរត្រេះ ដែលតែងតែមានទឹកព្រះទ័យមេត្តាសណ្ដោសប្រោសប្រណី ឧបត្ថម្ភគាំទ្រទាំងសម្ភារ ស្បៀងអាហារ និងថវិកាដល់កិច្ចការមនុស្សធម៌ ក៏ដូចជាជួយសម្រាលការលំបាកដល់កងកម្លាំងប្រដាប់អាវុធជារៀងរហូតមកផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីមរូបភាព៖ កែវ ដារ៉ា










