ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

យុទ្ធសាស្រ្តជួញដូរគ្រឿងញៀនថ្មី! ចាប់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីរកឃើញលាក់ «កូកាអ៊ីនរាវ» ក្នុងដបសាប៊ូកក់សក់

ទូច សុវណ្ណរិទ្ធី

ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនស្រ្តីជនជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំម្នាក់ នៅលើកោះបាលី ក្រោមការសង្ស័យពាក់ព័ន្ធនឹងបទល្មើស លួចនាំចូលសារធាតុញៀនប្រភេទកូកាអ៊ីនរាវ ទម្ងន់ជាង ៣,៦ គីឡូក្រាម ចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី ដោយលាក់ទុកក្នុងដបសាប៊ូកក់សក់ និងផលិតផលថែរក្សារាងកាយផ្សេងទៀត។


យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី Antara បានឱ្យដឹងថា មន្ត្រីគយ និងភ្នាក់ងារស៊ើបអង្កេតគ្រឿងញៀនរបស់កោះបាលី បានស្ទាក់ចាប់ និងឃាត់ខ្លួនស្ត្រីរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិ Gusti Ngurah Rai ភ្លាមៗ បន្ទាប់ពីនាងធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល។ មន្ត្រីគយបានរកឃើញភាពមិនប្រក្រតីនៅលើកាបូបស្ដាយរបស់នាង ហើយបន្ទាប់ពីការឆែកឆេរ សមត្ថកិច្ចបានរកឃើញ ដបផលិតផលថែទាំរាងកាយចំនួន ៧ ដប ដែលផ្ទុកសារធាតុរាវសង្ស័យថាជាគ្រឿងញៀនប្រភេទកូកាអ៊ីនរាវ។


ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា មានមេខ្លោងសម្របសម្រួលម្នាក់ឈរជើងនៅប្រទេសប្រេស៊ីល បានសន្យាផ្តល់ប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក ប្រសិនបើនាងអាចដឹកជញ្ជូនកូកាអ៊ីនរាវនេះ ប្រគល់ឱ្យទំនាក់ទំនងម្នាក់ទៀតនៅកោះបាលី។ ក្រុមអ្នកស៊ើបអង្កេតបានលាតត្រដាងថា ក្រៅពីកម្រៃជើងសារដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជនសង្ស័យក៏ត្រូវបានធានារ៉ាប់រងលើការរៀបចំកន្លែងស្នាក់នៅ។ 


បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត យោងតាមមាត្រា ៦០៩(២) និងមាត្រា ៦១០(២) នៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ី ដែលចែងពីបទកាន់កាប់ និងការនាំចូលគ្រឿងញៀនថ្នាក់ទី១ ដែលជាប្រភេទសារធាតុញៀន រួមមានទាំងកូកាអ៊ីនផងដែរ ខណៈដែលបទល្មើសទាំងនេះ អាចប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដែលរួមបញ្ចូលទាំងទោសប្រហារជីវិតសម្រាប់ជនល្មើសជួញដូរគ្រឿងញៀន ដោយបច្ចុប្បន្នមានជនបរទេសរាប់សិបនាក់ កំពុងជាប់ក្នុងបញ្ជីរង់ចាំការប្រហារជីវិត៕ដោយ៖ រិទ្ធី