Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យ៖ករណីផ្ទុះមីនមិនអាចកើតមានទេបើសិនកងទ័ពថៃគោរពបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន

Historical original · translation unavailable

«ករណីផ្ទុះមីនមិនអាចកើតមានទេ ប្រសិនបើកងទ័ពថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន ដោយរក្សាកម្លាំងឈរនៅកន្លែងដដែល ក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាការអះអាងរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នៅម៉ោង១១ព្រឹកថ្ងៃទី១៤ ខែសីហា។

ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដោយទទូចជាថ្មីម្ដងទៀត ឱ្យភាគីថៃគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ ហើយបញ្ឈប់ជាបន្ទាន់នូវការលើកយកបញ្ហាផ្ទុះមីនមកបំភាន់សហគមន៍អន្តរជាតិដើម្បីបិទបាំងការបំពានបទឈប់បាញ់របស់ខ្លួន។ 

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ថៃកំពុងតែយករឿងផ្ទុះគ្រាប់មីនមកធ្វើជាប្រធានបទដើម្បីចោទទម្លាក់កំហុសលើកម្ពុជា ហើយតាំងខ្លួនជាអ្នករងគ្រោះ ដើម្បីបំភាន់សហគមន៍អន្តរជាតិទាំងដែលតាមពិតទៅកងទ័ពថៃខ្លួនឯងទេដែលចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ហើយបានជាន់គ្រាប់មីនដែលនៅសល់ពីសម័យសង្រ្គាម។ ជាក់ស្ដែងដូចដែលយើងបានឃើញទាំងអស់គ្នា កងទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន រាយបន្លាលួស ចល័តសព្វាវុធ។ល។និង។ល។ ក្នុងអំឡុងពេលកំពុងតែអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ទាំងអស់នេះគឺគឺជាភស្តុតាងដែលមិនអាចប្រកែកបាន។ 

ដូច្នេះដើម្បីឃើញច្បាស់ពីចំណុចទាំងនេះ ឯកឧត្តម បានរម្លឹកសាជាថ្មីម្ដងទៀត នូវចំណុចកិច្ចព្រមព្រៀងសំខាន់ពីរំ គឺចំណុចទី២ និងចំណុចទី៤ ក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៣ចំណុចដែលមានចែងក្នុងកំណត់ហេតុនែកិច្ចព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មកាធិការព្រំដែនទូទៅកម្ពុជាថៃ(GBC) កាលពីថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ចំណុច២ នោះបានចែងថា ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន និងមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពនៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

ចំណែកឯ ចំណុចទី៤វិញ បានចែងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តិសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ក្នុងនោះរួមមានការធ្វើសកម្មភាពយោធាចូលក្នុងដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរឯកភាពគ្នា មិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេណដ្ឋាន ទៅហួសទីតាំងរបស់ខ្លួនឡើយ។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ សីហា បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការចោទប្រកាន់គ្មានមូលដ្ឋាន និងមានលក្ខណៈបង្កហេតុរបស់ក្រសួងការបរទេសថៃ បានចោទកងកម្លាំងប្រដាប់អាវុធកម្ពុជាថា បានដាក់គ្រាប់មីនប្រឆាំងមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃលើទីតាំងក្នុងតំបន់ប្រាសាទតាមាន់ធំ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) តំបន់មុំបី អានសេះ និងតាសឹម (ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស។ 

ជុំវិញនឹងករណីនេះ ក្រសួងការបរទេស បានចាត់ទុកការចោទប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើង ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្ត សំដៅបង្វែការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។ ក្រសួង បានគូសបញ្ជាក់ថា ឧប្បត្តិហេតុដែលបានកើតឡើងដោយភាគីថៃនេះ បានកើតឡើងនៅក្នុងតំបន់ដែលមានវិវាទ ឬធ្លាប់មានវិវាទពីអតីតកាល ដែលតំបន់ទាំងនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូចដែលបានកំណត់តាមផែនទីខ្នាត 1:200 000 ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…