ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យបេក្ខជនទៅមណ្ឌលប្រឡងរៀងៗខ្លួន ដើម្បីពិនិត្យលេខតុ និងលេខបន្ទប់ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នាសម័យប្រឡង ២៨ សីហា ស្អែកនេះ។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានផ្សព្វផ្សាយបញ្ជីអក្ខរក្រមលើគេហទំព័រផ្លូវការរបស់ក្រសួងចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់បេក្ខជនងាយរកឈ្មោះ និងមណ្ឌល មុនពេលដែលបិទផ្សាយបញ្ជីឈ្មោះបេក្ខជននៅតាមមណ្ឌលប្រឡងផងដែរ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២នាក់) ចែកជា ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤៥១៩នាក់) ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣នាក់) ចែកជា ១៦៩មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







