នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារជំនាញ ចុះបំពេញភារកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ ក្រុមការងារនេះ រួមមាន លោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកងកម្លាំងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដោយមានការសហការពីប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង វរសេនាតូច ង៧០ វរសេនាតូច ង៩១១ លោក យ៉ែម លក្ខិណា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងក្រុមការងារសរុបចំនួន ៣៧ នាក់។
ក្នុងបេសកកម្មនេះ ក្រុមការងារបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចអង្គរទ្វីប ដល់ទំនប់ ឃុំស្វាយរំពា ស្រុកកំពង់លែង និងចំណុចបឹងសួង ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី។ ក្រុមការងារបានរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន៖
១. របាំងសាច់អួន ០១ ករណី ស្មើនឹង ៤ កន្លែង ប្រវែងសរុប ៤០០ ម៉ែត្រ បង្គោល ១៦០ដើម និងលបលូ ៦ មាត់
២. របាំងស្បៃមុង ០១ ករណី ស្មើនឹង ២០ កន្លែង ប្រវែងសរុប ១,៨៤០ ម៉ែត្រ បង្គោល៦៩០ដើម និងលបលូ ២២ មាត់ ជាមួយគ្នានេះ ក្រុមការងារបានចាក់លែងត្រីចម្រុះចូលទៅក្នុងទន្លេសាបវិញ ប្រមាណ ១៤៥ គីឡូក្រាម។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការត្រួតពិនិត្យ និងវាយតម្លៃបង្ហាញឲ្យឃើញថា សកម្មភាពបទល្មើសនេសាទ ក្នុងតំបន់នេះ មានការថយចុះគួរឱ្យកត់សម្គាល់។ ដើម្បីលើកទឹកចិត្ត ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចម្រុះ ដែលឈរជើងសហការពេញមួយភូមិសាស្ត្រ និងកងយោធពលខេមរភូមិន្ទ ដែលកំពុងអនុវត្តភារកិច្ចការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្រៅពីនេះ ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមការងារបន្តសហការយ៉ាងជិតស្និទ្ធ ចែកវេនចេញល្បាតទប់ស្កាត់បទល្មើសទាំងយប់ និងថ្ងៃ បន្តពង្រឹងការងារអភិរក្ស និងអភិវឌ្ឍធនធានជលផល នៅក្នុងបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ប្រយោជន៍រួមរបស់សង្គមទាំងមូល៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ៖ KPS99TV














