សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបញ្ជាក់ជាថ្មីទៅឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិភាព និងគោរពច្បាប់អន្តរជាតិ។
បើតាមសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូនឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ប្រទេសម៉ាឡេស៊ី ដែលបានចុះផ្សាយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហានេះ សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី។ សម្ដេចធិបតី បានលើកឡើងថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូក្នុងការបង្រួបបង្រួមជាតិ និងមានភាពសុខដុមរមនាដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើវេទិកាអន្តរជាតិ។
កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ នេះបើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានបញ្ជាក់បន្ថែមថា «ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពីការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែងបានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង»។
ក្នុងសារលិខិតសម្តេចធិបតី បញ្ជាក់ទៀតថា ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរអរគុណចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរេសកម្មជាបន្តបន្ទាប់របស់ម៉ាឡេស៊ីក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់ឯកឧត្តម កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់។
«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាននូវដំណោះស្រាយសម្រាប់បញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ»។ នេះបើតាមសម្តេធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់បន្ថែម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









