រោងចក្រផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ ឯ.ក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការបើកការរដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុន “ខេមបូឌា ហ័រជយ ថេកស្តាយ ឯ .ក” នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu នាពេលនេះ ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន សម្រាប់ខេត្ត និងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា «នេះជានិមិត្តរូបនៃទំនុកចិត្តកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូវិនិយោគរបស់យើង»។
ឯកឧត្តមបន្តថា ការបង្កើតរោងចក្រនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសំខាន់ នឹងបង្កើតឱកាសការងារសម្រាប់កម្មករ កម្មការនីប្រមាណជាង ២,០០០នាក់ និងការពង្រឹង ពង្រីកមូលដ្ឋានឧស្សាហកម្មក្នុងតំបន់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ។
បើតាមឯកឧត្តម ប៉េង ពោធិ៍សា ការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនឧស្សាហកម្មទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលេីពិភពលោក។
ក្នុងនាមជាអភិបាលខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមជឿជាក់ថា គម្រោងនេះនិងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្របសម្រួលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន នៅពេលក្រុមហ៊ុនជួបបញ្ហា ទាំងក្នុងពេលសាងសង់ និងនៅពេលអនាគតនៅពេលប្រតិបត្តិការចាប់ផ្តើមជាដើម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត















