សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។
ទាក់ទងនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្តម វ៉ាង ហ៊ូនឹង បញ្ជាក់ថា៖ ប្រទេសចិន គាំទ្រចំពោះបទឈប់បាញ់រវាងកងទ័ពទាំងពីរ និងគាំទ្រតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងឈប់បាញ់។ ជាមួយគ្នានេះ ប្រទេសចិនក៏បានលើកទឹកចិត្តឱ្យកម្ពុជានិងថៃ បន្តពង្រឹងទំនាក់ទំនង និងនាំឱ្យស្ថានការណ៍វិលត្រឡប់ដូចដើមវិញ។ សម្តេចធិបតី បានផ្តោតលើសារៈសំខាន់នៃការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ









