ឯកឧត្តមបណ្ឌិត ខាន់ ខុន បានលើកឡើងថា សមិទ្ធផលជាអណ្តូងទឹកគឺមានតម្លៃ សម្រាប់សហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បើគ្មានការរួមចំណែកយ៉ាងសកម្ម និងការគាំទ្រអស់ពីដួងចិត្តរបស់ គ្រីស្ទបរិស័ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា គ្រីស្ទបរិស័ទ នៅតាមបណ្តាប្រទេសនានា ដែលជួយគាំទ្រដល់ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ព្រះយេស៊ូវគ្រីស្ទ ឱ្យព្រះអង្គប្រទានពរនូវថវិកាសម្រាប់ការកសាងអណ្តូងទឹកទាំងនេះ។
ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាប្រធានសមាគមគ្រីស្ទ បរិស័ទក្នុងសន្តិភាពបានមានប្រសាសន៍លើកឡើងដូចនេះ ក្នុងពិធីចុះប្រគល់អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន១៥អណ្ដូង ដល់សហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ខ្នាតធំអាហ្វ្រ៊ីដេសចំនួន១៥អណ្តូង ឯកឧត្តមបណ្ឌិត ខាន់ ខុន បាននាំយកមតិផ្តាំផ្ញើ និងការសួរសុខទុក្ខ ពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ទីជនបទក្នុងខេត្តទាំងពីរខាងលើ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ។ ដោយ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ឯកឧត្តមបណ្ឌិត ចាយ បូរិន តែងតែយកចិត្តទុកដាក់ចំពោះ គ្រប់សាសនិកនៃសាសនាទាំងអស់ ហើយលោកចង់ឃើញគ្រប់គ្នារស់នៅមានសុខដុមរមនាជាមួយគ្នាព្រោះគ្រប់គ្នាជាខ្មែរតែមួយ និងរស់នៅលើទឹកដីតែមួយ។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា “ទឹកគឺជាជីវិត” ព្រោះមនុស្សគ្រប់រូបត្រូវការទឹក ដូច្នេះ ការផ្តល់ទឹកគឺមានសារសំខាន់ណាស់សម្រាប់សហគមន៍នៅតាមទីជនបទដែលមិនទាន់មានប្រព័ន្ធទឹកស្អាតទៅដល់ ហើយការផ្តល់អណ្តូងទឹក គឺជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជនបទ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ។ ដូច្នេះ ឯកឧត្តបណ្ឌិតបានផ្តាំផ្ញើ ឱ្យប្រជាពលរដ្ឋដែលទទួលប្រយោជន៍ពីអណ្តូងទឹកនីមួយៗរួមគ្នាថែរក្សាអណ្តូងនោះឱ្យបានល្អ និងគង់វង្សនៅយូរអង្វែង ព្រោះថា សមិទ្ធផលជាអណ្តូងទឹកដ៏មានតម្លៃទាំងអស់នេះនឹងមិនអាចកើតឡើងបានទេ បើគ្មានការរួមចំណែកយ៉ាងសកម្ម និងការគាំទ្រអស់ពីដួងចិត្តរបស់ គ្រីស្ទបរិស័ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា គ្រីស្ទបរិស័ទ នៅតាមបណ្តាប្រទេសនានា ដែលជួយគាំទ្រដល់ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តាមរយៈការអធិដ្ឋាន ទូលសូម ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ឱ្យព្រះអង្គប្រទានពរនូវថវិកាសម្រាប់ការកសាងអណ្តូងទឹកទាំងនេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០១៣ រហូតមកដល់ថ្ងៃនេះ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដែលដើមឡើយ មានឈ្មោះថា សមាគមបេសកកម្មដំណឹងល្អ បានសាងសងអណ្តូងទឹកខ្នាតធំអាហ្វ្រ៊ីដេសនេះបានជាង ៧០០អណ្តូងរួចមកហើយ នៅទាំង ២៤ខេត្ត នៃព្រះរាជាណាកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម















