លោកស្រី ឆេង ផាត នាយិការសាលារៀនកាងហួរ ក្រុងព្រះសីហនុបានប្រសាសន៍លើកឡើងថា ថ្ងៃនេះសាលារៀនកាងហួរបានរៀបចំប្រារព្ធពិធី (ទិវាដឹងគុណគ្រូ)លើកទី៤១ ក្នុងគោលបំណងឲ្យសិស្សានុសិស្សនៃសាលារៀនចិនកាងហួរ បានជួបជុំគ្នា ក្នុងក្តីសោមនស្សរីករាយដើម្បីប្រារឰពិធីរំលឹក និងគោរពដឹងគុណដល់គ្រូបង្រៀន ដែលខិតខំបង្ហាត់បង្រៀនដោយមិនគិតពីការនឿយហត់ ដោយភាពអត់ធ្មត់ ដោយចិត្តសប្បុរសក្នុងការអប់រំសិស្សគ្រប់គ្នាឲ្យក្លាយជាមនុស្សមានសិលធម៌ល្អ ជាកូនល្អ មានចំណេះដឹងខ្ពង់ខ្ពស់ដែលបានទទួលយកពីការអប់រំ បង្រៀនពីលោកគ្រូអ្នកគ្រូ ទៅប្រើប្រាស់សម្រាប់អនាគតរបស់ខ្លួន។
លោកស្រីនាយិការសាលាកាងហួរ ក៏បានបន្ថែមថា មានពាក្យមួយឃ្លាតែងតែបានពោលថា (គ្រូបង្រៀន ជាឳពុកម្តាយទី២) ដូចនេះហើយការរំលឹកនឹកគុណទិវាគ្រូបង្រៀននាពេលនេះគឺមានអត្ថន័យជ្រាលជ្រៅសម្រាប់សិស្សានុសិស្សទាំងអស់ត្រូវគោរពដឹងគុណដល់ពួកគាត់ដែលយកអស់កម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនឲ្យមានចំណេះដឹងនៅក្នុងជីវិត។
នៅក្នុងទិវារំលឹកគុណគ្រូបង្ក្រៀននេះដែរ លោកគ្រូ អ្នកគ្រូ ដែលបង្ហាត់បង្រៀននៅសាលាកាងហួរ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុបានលើកឡើងថា ទិវារំលឹកគុណគ្រូដែលប្រារព្ធធ្វើឡើងនៅពេលនេះគឺមានសារៈសំខាន់ហើយសាលាតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរដល់គ្រូបង្រៀនទាំងអស់នៅក្នុងសាលាចំពោះការប្រារព្ធទិវាគ្រូបង្រៀននេះក៏ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ដឹងគុណនិងឲ្យតម្លៃដល់គ្រូបង្រៀនគ្រប់រូបដែលបានផ្ដល់ចំណេះដឹងដល់ពួកគេ ក៏ដូចជាឲ្យអាណាព្យាបាលទាំងអស់របស់សិស្សបង្រៀនឲ្យកូនៗចេះគោរពគ្រូដឹងគុណដល់គ្រូបង្រៀន។
ក្នុងនាមតំណាងលោកគ្រូ អ្នកគ្រូនៅសាលាកាងហួរ សូមថ្លែងអំណរគុណ គ្រូបង្រៀន និងសមាជិកសមាគមន៍ទ្រទ្រង់សាលា និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួម និងជូនពរឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសទិវាគុណគ្រូបង្រៀននេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម




















