ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី២៥ ខែកញ្ញានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃលើកបញ្ហាព្រំដែនមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។
ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះ ធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថ្មីៗនេះនៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) បង្ហាញថា ពលរដ្ឋខ្មែរកំពុងតែ«ឈ្លានពាន» ទឹកដីថៃនៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។
ជុំវិញនឹងករណីនេះ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កោះនផលអស់ជាច្រើនទសវត្សរ៍មកហើយនៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នាដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅ JBC ដើម្បីដោះស្រាយស្របតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000)។
នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងកិច្ចប្រជុំមុនៗ ដើម្បីបញ្ចៀសសកម្មភាពដែលអាចបង្កើនភាពតានតឹងឬពង្រីកតំបន់ជម្លោះ។ ទន្ទឹមគ្នានេះ កម្ពុជា បាននិងកំពុងអត់ធ្មត់ជាទីបំផុត និងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ តាមសេចក្តីប្រាថ្នាដែលភាគីទាំងពីរបានលើឡើងដូចគ្នាថា នេះគឺជាពេលដែលទាំងសងខាងគួរតែរួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត កសាងទំនុកចិត្តរវាងគ្នាទោវិញទៅមក ដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











