(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងកាលវិភាគរដូវរងារតាមរយៈទីក្រុងហ៊្វូចូវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាកាសចរណ៍ជាតិកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញានេះ។
ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) នេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈ ទីក្រុងហ្វ៊ូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស សមស្រប និងមានប្រសិទ្ធភាព។
ជើងហោះហើរនេះ នឹងប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា ២ ថ្នាក់កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាកនៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ។
កាលវិភាគបឋម សម្រាប់ជើងហោះហើរដំបូង ចេញពីរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយនឹងមានជើងហោះហើរប្រចាំសប្តាហ៍ចំនួនបី គឺនៅថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះ ចំណាយពេលប្រហែល ៧ម៉ោងនិង៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










