Skip to main content
Preah Sihanouk Provincial Television
Log in

ជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

KPS99TVHistorical original · translation unavailable

កម្ពុជាកំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំងសាធារណរដ្ឋកូរ៉េ ប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន ដោយធ្វើសកម្មភាពស៊ើបអង្កេតរួមគ្នា ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់គ្នាទៅវិញទៅមក ស្របពេលឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នកំពុងរីលរាយដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែនប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋជនទាំងនោះ ធ្វើប្រត្តិបត្តិការឆ្លងដែនតាមរយៈការប្រើប្រាស់សារទាក់ទងសម្ងាត់ រូបិយប័ណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ដែលធ្វើឱ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនគ្រោះ និងជនប្រព្រឹត្តបទល្មើស។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែតុលា បានបញ្ជាក់ច្បាស់ថា បុគ្គលជាច្រើនរូបដែលជាប់ក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការបង្ខិតបង្ខំ។ ដូច្នេះ កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកឱ្យដាច់រវាងជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា វិធានការឆ្លើយតបនានាមានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។

ចំណែក រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លាចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងយន្តការសម្របសម្រួលអន្តរក្រសួងថ្មី ការពង្រឹងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល និងការផ្អាកដំណើរការគេហទំព័រ និងអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់។ ក្នុងនោះ អាជីវកម្មចំនួន១២០ ត្រូវបានដកហូតអាជ្ញាប័ណ្ណ គេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ត្រូវបានផ្អាកសកម្មភាព និងការបង្កកគណនីធនាគារខុសច្បាប់ដែលភ្ជាប់ទៅនឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោយឡែក ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា ក៏បានធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេស។ ប្រតិបត្តិការទាំងនោះ បានឈានទៅដល់ការបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ការចាប់ខ្លួនជនសង្ស័យរាប់រយនាក់ និងការជួយសង្គ្រោះ និងការពារជនរងគ្រោះកម្ពុជា និងបរទេសពីការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យា។ ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសប្ដេជ្ញាមិនឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មីឡើយ ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស បន្ទាប់ពីអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា ហ្វាត (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ធ្លាប់ដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់អស់រយៈពេល៤ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩ ហើយកម្ពុជា ត្រូវបានអង្គការមួយនេះដកចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់វិញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…