Skip to main content
Preah Sihanouk Provincial Television
Log in

គ្រោះថ្នាក់កើតឡើងញឹកញ៉ាប់នៅតាមផ្លូវជាតិលេខ៤អភិបាលខេត្តព្រះសីហនុចាត់មន្រ្តីឱ្យចុះធ្វើការបន្ទាន់

KPS99TVHistorical original · translation unavailable

បញ្ហាផ្លូវជាតិលេខ៤ បើក្រុមហ៊ុនសាងសង់មិនរៀបចំកែសម្រួលរបាំងចំណាំងផ្លាតភ្លើងបំភ្លឺចរាចរណ៍ឱ្យបានល្អ និងគ្រប់គោលដៅនៃការដ្ឋានសាងសង់ទេ នោះក្រុមហ៊ុនត្រូវចេញថ្លៃព្យាបាល និងការខូចខាតដល់អ្នកគ្រោះថ្នាក់ចរាចរណ៍។ នេះជាសាររបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលចង់ដាស់តឿនទៅក្រុមហ៊ុន World bank ដែលទទួលម៉ៅការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ដោយខ្វះបច្ចេកទេសក្នុងការដាក់របាំងចំណាំងផ្លាតភ្លើងបំភ្លឺចរាចរណ៍នៅតាមការដ្ឋានសាងសង់ដែលបង្កគ្រោះថ្នាក់ជាហូរហែដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។

ដូច្នេះឯកឧត្តមអភិបាលខេត្តចាត់ឱ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះជួបធ្វើការជាមួយក្រុមហ៊ុន World bank ជាបន្ទាន់។ ការចាត់មន្រ្តីឱ្យចុះធ្វើការជាបន្ទាន់ដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ យ៉ាងណា  ឯកឧត្តម ម៉ាង ស៊ីណេត ថាផ្លូវនេះមិនមែនមន្ទីរសាធារណខេត្តជាអ្នកធ្វើនោះទេ ហើយក៏មិនបានដាក់បន្ទុកទៅឱ្យមន្ទីរនោះដែរ ប៉ុន្តែផ្លូវនេះ ក្រុមហ៊ុន World bank ជាអ្នកសាងសង់។

ជុំវិញនឹងបញ្ហានេះ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ក៏សង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជាញឹកញ៉ាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤។ ចំពោះមូលហេតុ លោកបានបញ្ជាក់ថា ដោយសាររបាំងដែលដាក់នៅតាមការដ្ឋានសាងសង់មិនមានចំណាំងផ្លាតច្បាស់លាស់ និងគ្រប់គោលដៅ ហើយគួបផ្សំមានភ្លៀងធ្លាក់ធ្វើឱ្យផ្លូវឡើងពណ៌ជាខ្មៅ ដែលជាកត្តាបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញ៉ាប់។ រីឯ កន្លងទៅ លោកអភិបាលក្រុងក៏ធ្លាប់រាយការណ៍ទៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីស្នើសុំជួបប្រធានការដ្ឋានសាងសង់ផ្លូវជាតិលេខ៤ដែរ ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវនោះ ប៉ុន្តែមកដល់ថ្ងៃនេះ គឺមិនទាន់បានជួបគ្នានៅឡើយ។

គួររំលឹកថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុ បានកើតឡើង ១៣០លើក កើន៩លើក បណ្តាលឱ្យមនុស្សស្លាប់៨៧នាក់ (ស្រី៧នាក់)  កើនឡើង ៧នាក់ និងរបួសធ្ងន់ស្រាល ១៣៧នាក់ (ស្រី ៤១នាក់) កើនឡើង៣នាក់ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកយានយន្ត ២២២គ្រឿងត្រូវបានរងការខូចខាត ក្នុងនោះមានរថយន្ត ៨២គ្រឿង ម៉ូតូ១៣៨គ្រឿង រថភ្លើង ១គ្រឿង និងគ្រឿងចក្រ ១គ្រឿង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…