Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តព្រះសីហនុជំរុញដល់ លោកគ្រូ អ្នកគ្រូ ត្រូវបណ្តុះនូវគំនិតជាតិនិយមដល់សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ទឹកដី វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ

KPS99TVHistorical original · translation unavailable

អភិបាលខេត្តព្រះសីហនុបានធ្វើការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ជៀសវាងការបោះបង់ការសិក្សា ដើម្បីក្លាយខ្លួនកូនល្អ សិស្សល្អ ពលរដ្ឋល្អដែលចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាណាព្យាបាលសិស្ស យកកូន ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូចនេះ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង លោក លោកស្រីក្រសួងអប់រំ មន្ទីរអង្គភាព វិស័យឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អណាព្យាបាលយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយពេលប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់តេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំត្រូវបានលើកកម្ពស់ និងចាត់ទុកជាវិស័យអាទិភាពដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពស់ ព្រោះថាកូនៗ សិស្សានុសិស្សទាំងអស់ ពេលមានចំណេះដឹងខ្ពង់ខ្ពស់ គឺប្រៀបបាននឹងដុំពេជ្រមួយដុំដែលមានពន្លឺភ្លឺ ត្រចះត្រចង់ហើយនរណាៗក៏ចង់បាន ដែលនេះមានន័យថាបើយើងមានចំណេះជំនាញខ្ពង់ខ្ពស់ យើងមិនខ្វះកន្លែងធ្វើការងារនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ដើម្បីទទួលបាននូវធនធានមនុស្សដែលមានគុណភាព គុណតម្លៃ គឺស្ថិតនៅលើការសាបព្រួស និងផ្តល់នូវចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដូច្នេះលោកគ្រូ អ្នកគ្រួ ត្រូវធ្វើយ៉ាងណាផ្តល់ និងផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្សឱ្យអស់ពីសមត្ថភាព។

ទន្ទឹមនឹងការបណ្តុះបណ្តាលចំណេះដឹង ចំណេះវិជ្ជា លោកគ្រូ អ្នកគ្រូ ក៏ត្រូវចែករំលែក និងសាបព្រួសនូវវប្បធម៌កត្តញ្ញូ ដើម្បីឱ្យសិស្សានុសិស្សជំនាន់ក្រោយបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូ ក៏ត្រូវបណ្តុះនូវគំនិតជាតិនិយមដល់សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ទឹកដី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រជាជន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត ពិសេសត្រូវឱ្យពួកគាត់បានយល់ដឹងពីតម្លៃសន្តិភាព និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

Comments

Loading comments…