ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។ ប៉ុន្តែយ៉ាងណាសម្រាប់ពិធីបុណ្យអុំទូកនាឆ្នាំនេះ ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកមិនឱ្យមានការប្រណាំងអុំទូកឡើយ ប៉ុន្តែពិធីអកអំបុក និងសំពះព្រះខែប្រជាពលរដ្ឋអាចប្រារព្ធជាធម្មតាបាន។ តើពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានប្រវត្តិបែបណា?
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាព្រះរាជពិធីបុណ្យប្រពៃណីជាតិ ដែលតែងតែប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ ធ្វើនៅតាមដងទន្លេសាប នាកំពង់ផែមុខព្រះបរមរាជវាំង។ ប្រវត្តិនៃបុណ្យអុំទូក មានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចងក្រងនៅក្នុងឯកសារប្រវត្តិវិទូ និងមាននៅតាមសិលាចារឹកនៃប្រាសាទអង្គរ។ បុណ្យអុំទូកមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
ក្នុងសៀវភៅជ័យវរ្ម័នទី៧ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចងក្រងថា នៅសម័យអង្គរនាគ្រិស្តសករាជ សតវត្សទី១២ នៅកម្ពុជា មានសេចក្ដីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឱ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្ដសករាជ១១៧៧ ដល់ឆ្នាំ១១៨១ រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ជាប់ប្រឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងដ៏ស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ចំណែកឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលនិពន្ធដោយលោកថាច់ ប៉ែន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម បានចែងថា សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្ដេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្ដេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកឱ្យមានទាហានជើងទឹកចែកជា ៣ក្រុម។ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ហើយក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
របៀបហាត់ចំបាំងតាមទំនៀមទម្លាប់ស្តេចត្រាញ់ កម្ពុជាក្រោម ស្តេចលើមន្ត្រី៤ទិស ចតុស្តម្ភ ដែលនៅក្រោមឱវាទលោកសិទ្ធិភូបាលស្តេចត្រាញ់ គ្រប់ជំពូកដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិតរដូវអកអំបុកនោះ មន្ត្រីទាំង៤ទិសត្រូវកេណ្ឌទាហានជើងទឹក ទាំងជើងគោកសមយុទ្ធ មួយថ្ងៃមួយយប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ដ្បិតទីនោះជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល ។
តាមរយៈប្រភពឯកសារទាំងពីរនេះ បានសន្និដ្ឋានថា ប្រទេសកម្ពុជា សម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជា ធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសម័យសមយុទ្ធក្នុងសម័យបុរាណនេះឯង ទើបមានការប្រកួតប្រណាំងទូកងជាប់មកដល់សព្វថ្ងៃនេះ។
ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណងដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱ្យកករល្អក់ ។
ការបកស្រាយចុងក្រោយនេះគឺវាដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ព្រហ្មញ្ញសាសនា ហើយក៏ស្របទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។ ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃ ពេញបូណ៌មីខែកត្តិកស្របទៅនឹងពេលបញ្ចប់រដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែមកនេះបានធ្វើឱ្យបឹងបួរ ទន្លេទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថាប៉ុន្មានសប្តាហ៍កន្លងមកហើយដែលទឹកទន្លេសាបហូរត្រឡប់មកវិញ និងជាក្តីបញ្ជាក់ទៀតផងថាពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ ។
នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ខែសីហា ខែវិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ហូរស្រោចស្រពបឹងបួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាប ដដែលពីជើងមកត្បូងវិញ។ ល្បាប់ដែលបានដោយសារទឹកជំនន់ ទន្លេមេគង្គ និងបឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីជាតិបង្កបាននូវធនធានសម្បូរបែប។ ដំណាំទាំងឡាយដែលកសិករខ្មែរធ្វើតាមសង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់គ្រោះទុរភិក្ស ។ ដូច្នេះហើយបានជាដល់រដូវទឹកសម្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះ ទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់ បម្រើវិស័យកសិកម្ម ។
ឯប្រភពពិធីបណ្តែតប្រទីប គម្ពីរទាថាវង្ស ភាសាបាលីចែងថា ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាននៅទីទាំង៤គឺ ៖ ១-នៅត្រៃត្រឹង្សសួគ៌,២-នៅពិភពនាគ, ៣-នៅស្រុកគន្ធា,៤- នៅទន្តបុរះ កលិង្គរដ្ឋ
ពាក្យសរសើរព្រះបាទ យសបាទេ ទាំងបាលីទាំងសម្រាយចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារៈដែរ ។ ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះបានជាពុទ្ធបរិស័ទ ខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីបនៅរាត្រីពេញបូណ៌មីខែអស្សុជ ក្រោយមកគេប្រារព្ធធ្វើពិធីបណ្តែតប្រទីប នៅរាត្រី១៤, ១៥, និង ១រោចខែកត្តិកបូជាចំពោះព្រះចង្កូមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតៗដូចពោលខាងលើ ដោយជឿថា ជាកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើន រុងរឿងដល់ខ្លួន ដល់រាស្ត្រ និងដល់ប្រទេសជាតិ ។
ចំណែកឯ ប្រភពពិធីបុណ្យសំពះព្រះខែ អកអំបុក តាមគម្ពីរបរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាលីចែងថា៖ ក្នុងដើមភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើងទ្រង់យោងយកកំណើតជាសសបណ្ឌិត កំណើតជាទន្សាយ ថ្ងៃមួយខែពេញបូណ៌មី សសបណ្ឌិត បានអធិដ្ឋានឧបោសថសីលហើយឧទ្ទិសសមំសៈជាទានបរមត្តបារមីដើម្បីបំពេញ ពោធិសម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទបានទ្រង់ជ្រាបពីហេតុការណ៍នោះក៏ទ្រង់កាឡាព្រះអង្គជាព្រាហ្មណ៍ចាស់មកសុំមំសា សសបណ្ឌិតជាអាហារ ។ សសបណ្ឌិតពោធិសត្វបានឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួនបីដងដើម្បីឱ្យសត្វល្អិតដែលជាប់នឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។ អស្ចារ្យភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍ ក៏ស្ទុះទៅពព្រះ ពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍ អធិដ្ឋានថា«សូមឱ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ទីបំផុតកប្ប» ។ ដោយអានុភាពទានបរមត្តបារមីនៃ ព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃ ។ ដោយមានជំនឿតាមរយៈរឿងនេះហើយ បានជានៅវេលារាត្រីពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំខ្មែរយើងយកនំចំណី មានអំបុក ចេក ជាដើមមកបូជាព្រះចន្ទហៅថាពិធីបុណ្យសំពះព្រះខែ អកអំបុក។
រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដោយសារតែមានជំនឿបែបនេះឯង៕
ស្ថានីយទូទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










