Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរអនុវត្តវិធានការរឹតបន្តឹង បិទកាស៊ីណូ ៤កន្លែង នៅខេត្តព្រះសីហនុ ពាក់ព័ន្ធអំពើឆបោកតាមអ៊ីនធឺណិត

KPS99TVHistorical original · translation unavailable

ក្នុងការអនុវត្តតាមបទបញ្ជា លេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ ព្រឹក ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងអំពើអេឡិចត្រូនិច (គ.ល.ក.) និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរការងារខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍ការផ្អាក និងបិទអាជីវកម្មកាស៊ីណូចំនួន ៤ នៅក្នុងខេត្ត។

នីតិវិធីនៃការផ្អាក និងបិទ (Seal) ត្រូវបានសម្របសម្រួលដោយ លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយផ្អែកលើសេចក្តីសម្រេចរបស់គ.ល.ក. ចំនួន ៤ ប្រការ៖

១. សេចក្តីសម្រេច លេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី ១៦ តុលា ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក. ដែលប្រតិបត្តិការ កាស៊ីណូជីន ប៉ី គ្រុប។
២. សេចក្តីសម្រេច លេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី ១៦ តុលា ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក. ដែលប្រតិបត្តិការ កាស៊ីណូជីន ប៉ី។
៣. សេចក្តីសម្រេច លេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី ១៦ តុលា ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក. ដែលប្រតិបត្តិការ ជី.ស៊ី កាស៊ីណូ។
៤. សេចក្តីសម្រេច លេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី ១៦ តុលា ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក. ដែលប្រតិបត្តិការ កាស៊ីណូជីន ប៉ី ៤។

ការផ្អាក និងបិទអាជីវកម្មកាស៊ីណូទាំងនេះ ត្រូវបានអនុវត្តដោយសារការសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សកម្មភាពនេះជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប៉ះពាល់ដល់សន្តិសុខសង្គម និងសេចក្តីជឿជាក់របស់វិនិយោគិននៅព្រះសីហនុ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…