ស្ពានមិត្តភាពកម្ពុជា–ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតឡើយ។ នេះបើតាមការប្រាប់ដោយឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ការសាងសង់ស្ពាននោះកំពុងស្ថិតនៅវគ្គចុងក្រោយ ដែលរួមមានការគូសសញ្ញាចរាចរណ៍លើស្ពាន និងការតម្លើងបង្គោលភ្លើងបំភ្លឺ ដោយគ្រោងបញ្ចប់ការងារទាំងនេះឱ្យរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខនេះ។
ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវតភ្ជាប់ និងផ្លូវខ្នែងបន្ថែម ឱ្យបានរួចសម្រេចមុនកំណត់កិច្ចសន្យា។ តាមការរាយការណ៍ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥ វឌ្ឍនភាពសាងសង់ស្ពានសម្រេចបានរហូតដល់ ៩៨,៣៦% ខណៈគម្រោងសរុបរួមទាំងផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសម្រេចបានប្រមាណ ៨៧,៣៩%។
ស្ពានមិត្តភាពកម្ពុជា–ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពានមានទទឹងជាង ១៣ ម៉ែត្រ រួមមានគន្លងសម្រាប់រថយន្តចំនួន ២ ទិសទៅ–មក គន្លងសម្រាប់ទោចក្រយាន ២ ទិស និងផ្លូវថ្មើរជើង ២ ខ្សែប្រវែងជាង ១ ម៉ែត្រ ព្រមទាំងបង្កាន់ដៃស្ពានសងខាង។
ផ្លូវតភ្ជាប់មានប្រវែងសរុបជាង ៣២ គីឡូម៉ែត្រ រួមមានផ្លូវពីក្បាលស្ពានប្រវែងជាង ១៥ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែ ក្នុងក្រុងក្រចេះប្រវែងជាង ១៦ គីឡូម៉ែត្រ។ ផ្លូវទាំងនេះត្រូវបានសាងសង់ពង្រីក និងបំពាក់ស្រទាប់បេតុងកៅស៊ូ (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ដើម្បីលើកកម្រិតគុណភាពចរាចរណ៍។
ក្នុងនោះ ផ្លូវចំនួន ៤ ខ្សែប្រវែងជិត ២៧ គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងពី ៩ ម៉ែត្រ រហូតដល់ ១៣ ម៉ែត្រ ហើយផ្លូវមួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្រត្រូវបានពង្រីកទទឹង ១៩ ម៉ែត្រ មានទ្រូងផ្លូវសម្រាប់សួនរុក្ខជាតិបៃតងប្រវែង ៤ ម៉ែត្រនៅចំកណ្តាលផងដែរ។
គម្រោងស្ពាននេះត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់នៃ អាទិភាពទី២ “ផ្លូវ” ក្នុងចំណោមអាទិភាព៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ស្ពាននេះនឹងជួយលើកកម្ពស់ការតភ្ជាប់ដែនក្រចេះ និងខេត្តជិតខាង ជាពិសេសការចងភ្ជាប់តំបន់ឦសានទៅកាន់តំបន់កណ្តាល ដោយបង្កើនសមត្ថភាពដឹកជញ្ជូន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ












