Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្រ្តីឧស្សាហកម្មឱ្យរោងចក្រផលិតទុយោ TCU ជំរុញការផលិតឱ្យមានគុណភាពខ្ពស់

Historical original · translation unavailable

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យរោងចក្រផលិតទុយោ TCU ផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០។

ក្រុមហ៊ុន LTKJ (Cambodia) Co., Ltd. បានដំណើរការរោងចក្រផលិតទុយោ TCU ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៦ លើផ្ទៃដី ៨០,០០០ម៉ែត្រការ៉េ និងមានបុគ្គលិកប្រមាណ១២០នាក់ រួមទាំងបុគ្គលិកជនជាតិខ្មែរប្រមាណ ១០០នាក់។

ក្រុមហ៊ុនផលិតទុយោជាច្រើនប្រភេទរួមមានទុយោទឹកស្អាត  លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និងលូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា។

ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែកក្កដា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «កម្ពុជាកំពុងអភិវឌ្ឍ ហើយយើងត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ របស់យើង។ ដូច្នេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន ហើយសូមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់»។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 

ឯកឧត្តមរដ្ឋមន្ត្រីណែនាំថា៖ «សូមរៀបចំកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជាកំពុងមានភាពប្រសើរឡើង»។

តំណាងក្រុមហ៊ុន បានបង្ហាញឆន្ទៈសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ជូនដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធវិញ្ញាបនបត្រកម្ម ស្តង់ដាជាតិ និងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…